Pages

Monday, June 9, 2014

ក្រុម​តាលីបង់​វាយ​ប្រហារ​អាកាសយានដ្ឋាន​អន្តរជាតិ​​ក្រុង​ការ៉ាឈី​ សម្លាប់​មនុស្ស​២៨នាក់​

នៅ​ប៉ាគីស្ថាន យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​ក្រុម​តាលីបង់​បាន​​​វាយប្រហារ​​អាកាសយានដ្ឋាន​​​អន្តរជាតិ Jinnah នៅ​ក្រុង​ការ៉ាឈី ​ធ្វើ​អោយ​មនុស្ស​២៨នាក់​ស្លាប់ ក្នុង​នោះ​ មាន​សកម្មជន​តាលីបង់​១០នាក់។ ​កងទ័ព​​​​​បានប្រញាប់​ប្រញាល់​​​ចុះ​ទៅ​​​ប្រយុទ្ធ​ជាមួយ​ក្រុម​តាលីបង់ ដល់​អាកាសយានដ្ឋាន។ ​ការ​​ប្រយុទ្ធ​គ្នា​​​បាន​​បិទបញ្ចប់​ នៅ​​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ យន្តហោះ​បាន​​ចាប់ដំណើរការ​ហោះហើរ​ឡើងវិញ​​ នៅ​រសៀល​​ថ្ងៃ​ចន្ទ​នេះ។

ការ​វាយប្រហារ​របស់​ក្រុម​តាលីបង់ នៅអាកាសយានដ្ឋាន​អន្តរជាតិ​ ជីនណា ​នៅ​ក្រុង​ការ៉ាឈី​ បានប្រព្រឹត្ត​ទៅ​រហូត​ដល់​ទៅ​​១២ម៉ោង គឺ​ចាប់​ពី​ម៉ោង​១១យប់ ក្នុង​ស្រុក រហូត​ដល់​​​​ព្រឹក​ថ្ងៃ​​​​​ចន្ទនេះ។ កងទ័ព​ប៉ាគីស្ថាន​​​បាន​ប្រញាប់ប្រញាល់​ចុះ​ទៅ​ប្រយុទ្ធ​ទប់​ទល់​ក្រុម​ តាលីបង់ រហូត​ដណ្តើម​បាន​អាកាសយានដ្ឋាន​មក​កាន់កាប់វិញ។ ​ យោងតាម​​​ចារកិច្ច​ប៉ាគីស្ថាន ​សកម្មជន​អត្តឃាត​​​តាលីបង់​មួយរូប ​​បាន​​បង្ក​ជា​ការ​​​ផ្ទុះ​ឡើង ក្រោយ​ពេល​ត្រូវ​គ្រាប់​កាំភ្លើង។ ​នៅព្រឹក​ព្រហាម​​ថ្ងៃ​ចន្ទនេះ ​កងទ័ព​បាន​ប្រញាប់​​​ប្រាប់​ថា ការវាយប្រហារ​​​បាន​ចប់សព្វគ្រប់​ហើយ ប៉ុន្តែ​​បន្តិចក្រោយ​មក គេ​បាន​លឺ​ស្នូរ​កាំភ្លើង​បាញ់គ្នា​សារជាថ្មី។
យោងតាម​​កងទ័ព​​ ​ការវាយប្រហារ​នេះ​មិនបាន​ប៉ះពាល់​យន្តហោះ​ទេ តែ​បាន​បង្ក​ជា​អគ្គិភ័យ​​នៅ​តាម​អគារ​មួយចំនួន។ ​អាកាសយានដ្ឋាន​អន្តរជាតិជីនណា ក្រុង​ការ៉ាឈី​ គឺ​ជា​អាកាសយានដ្ឋាន​​​សំខាន់​បំផុត​របស់​ប៉ាគីស្ថាន។ ក្នុង​ចំណោម​ជនរងគ្រោះ​ មានក្រុម​ឧទ្ទាម និងបុគ្គលិក​អាកាសយានដ្ឋាន​ជាច្រើន​នាក់ផងដែរ។ ក្រុមតាលីបង់​ប៉ាគីស្ថាន​​ប្រាប់​ថា ​ការ​វាយ​ប្រហារ​​នេះ ធ្វើឡើង​ដើម្បី​សងសឹក​អោយ​មេ​ក្រុម​ខ្លួន ឈ្មោះ ហាគីមូឡា មេស៊ុត ដែល​បាន​​ស្លាប់​​ដោយសារ​ការបាញ់​របស់​យន្តហោះដ្រូន​អាមេរិក កាលពី​ខែ​វិច្ឆិកា​ ឆ្នាំមុន។ ​

ការ​វាយប្រហារ​នេះ​បានកើតឡើង ចំពេល​​ការចរចា​ជាមួយ​រដ្ឋាភិបាល​និង​ក្រុម​តាលីបង់​ប៉ាគីស្ថាន​​កំពុង​ ស្ថិត​ក្នុង​ភាពទ័លច្រក។ ក្រុម​តាលីបង់​​​បាន​​បរិហារ​​រដ្ឋាភិបាល​ថា គាំទ្រ​ប្រទេស​លោក​ខាងលិច ហើយ​បន្ថែម​ថា ​សំណើ​ចរចា​របស់​រដ្ឋាភិបាល គ្រាន់​តែ​​ជា​ឧបករណ៍​សង្គ្រាម​​ប្រើ​​ ប្រឆាំង​ក្រុម​​តាលីបង់ប៉ុណ្ណោះ។ គិត​ពី​ឆ្នាំ​២០០៧មក ​ការ​វាយប្រហារ​របស់​ក្រុម​តាលីបង់​​​និង​ក្រុម​ឧទ្ទាម​ដៃគូ​របស់​តាលីបង់​ ប្រឆាំង​​​រដ្ឋអំណាច​ប៉ាគីស្ថាន​ បាន​សម្លាប់​មនុស្ស​ជាង​៦ពាន់នាក់​ហើយ។ ក្រុម​តាលីបង់​តែង​វាយប្រហារ​​ ទីតាំង​ដែល​រដ្ឋអំណាច​ខំ​ពង្រឹង​សន្តិសុខ​ខ្ពស់។

ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ដែរ ភាគ​​និរតី​ប៉ាគីស្ថាន​បាន​​រង​អំពើ​​វាយប្រហារ​​មួយដែរ ប្រឆាំង​ក្រុម​អ្នកកាន់​និកាយ​ស៊ីអ៊ីត។ ​ការ​វាយ​ប្រហារ​​នេះបាន​សម្លាប់​មនុស្ស​យ៉ាងហោច​២៣នាក់៕

tags: ប៉ាគីស្ថាន

0 comments:

Post a Comment

 

Copyright © 2013. ព័ត៌មានខ្មែរ សកល - All Rights Reserved
Distributed By Blogger Themes | Template Created by BTDesigner Published by Super Cool Templates
Proudly powered by Blogger