រដ្ឋាភិបាលចិនបានចេញផ្សាយនូវសេចក្តីប្រកាសព័ត៌មានយ៉ាងវែង មួយ កាលពីល្ងាចថ្ងៃអាទិត្យ ដោយបង្ហាញពីទឡ្ហីករណ៍ជាច្រើន ដើម្បីការពារប្រតិបត្តិការខួងរកប្រេងក្រោមបាតសមុទ្រ នៅក្នុងតំបន់ជាប់ជម្លោះជាមួយវៀតណាម។ ចិនក៏បានលើកឡើងផងដែរថា នៅក្នុងការប្រឈមមុខដាក់គ្នា នៅសមុទ្រចិនខាងត្បូងនេះ ទូកវៀតណាមបានបើកកៀរទូកចិនរហូតដល់ទៅជាង១៤០០ដង។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចុះផ្សាយទាំងស្រុង ដោយទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួ ក្រសួងការបរទេសចិនបានអះអាងថា តំបន់ជុំវិញប្រជុំកោះប៉ារាស៊ែល ដែលចិនធ្វើការខួងរកប្រេងក្រោមបាតសមុទ្រ គឺ “ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ចិន” ហើយថា ទូករបស់វៀតណាមបានចូលមកធ្វើការរំខាន “ដោយកម្រោល និងដោយខុសច្បាប់” ចំពោះប្រតិបត្តិការខួងរកប្រេងក្រោមបាតសមុទ្រនេះ។
យោងតាមក្រសួងការបរទេសចិន គិតមកត្រឹមល្ងាចថ្ងៃសៅរ៍ ៧មិថុនា មានទូកវៀតណាមចំនួន ៦៣គ្រឿង កំពុងស្ថិតនៅក្នុងតំបន់ជម្លោះ ហើយថា ទូកវៀតណាមទាំងនេះបានបើកកៀរទូកចិនគិតជាសរុបរហូតដល់ទៅ ១៤១៦ដង ដើម្បីព្យាយាមចូលទៅកាន់ទីតាំងដែលចិនកំពុងធ្វើការខួងរកប្រេង ក្រោមបាតសមុទ្រ។
គួរបញ្ជាក់ថា ការចេញផ្សាយសេចក្តីប្រកាសព័ត៌មាននេះត្រូវបានធ្វើឡើងតែពីរថ្ងៃ ប៉ុណ្ណោះ ក្រោយពីអាជ្ញាធរវៀតណាមបានចេញផ្សាយវីដេអូមួយ កាលពីថ្ងៃសុក្រ ដែលបង្ហាញអំពីសកម្មភាពរបស់នាវាចិន ដែលកំពុងបើកដេញ និងកៀរពន្លិចទូកនេសាទរបស់វៀតណាម កាលពីថ្ងៃទី២៦ឧសភា។
គួររំឭកឡើងវិញថា ភាពតានតឹងរវាងចិន និងវៀតណាមបានកើតមានឡើងយ៉ាងខ្លាំង ក្រោយពីចិនបានបញ្ជូននាវានិងគ្រឿងចក្រចូលទៅខួងរកប្រេងក្រោម បាតសមុទ្រ នៅក្បែរប្រជុំកោះប៉ារ៉ាស៊ែល កាលពីថ្ងៃទី២ឧសភា។
រដ្ឋាភិបាលវៀតណាមបានតវ៉ាជំទាស់នឹងទង្វើរបស់ចិន ដោយលើកឡើងថា ទីតាំងដែលចិនចូលទៅខួងរកប្រេងនេះ ស្ថិតនៅក្នុងរង្វង់ ២០០ម៉ាយល៍ ពីឆ្នេរសមុទ្ររបស់វៀតណាម ពោលគឺក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ វៀតណាម (Exclusive Economic Zone) ស្របទៅតាមច្បាប់សមុទ្រអន្តរជាតិ។
ក៏ប៉ុន្តែ នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យ ក្រសួងការបរទេសចិនបានលើកឡើងនូវទឡ្ហីករណ៍យ៉ាងច្រើន ដើម្បីបង្ហាញថា ប្រជុំកោះប៉ារ៉ាស៊ែលទាំងមូល ដែលចិនកំពុងធ្វើការខួងរកប្រេងក្រោមបាតសមុទ្រនេះ គឺជាទឹកដីរបស់ចិន ដោយផ្អែកទៅលើផែនទី និងប្រវត្តិសាស្រ្តតាំងពីជាង១ពាន់ឆ្នាំមុន។ ចិនក៏បានលើកឡើងផងដែរថា ទង់ជាតិរបស់ចិនត្រូវបានដោតនៅលើប្រជុំកោះប៉ារ៉ាស៊ែលនេះ តាំងពីឆ្នាំ១៩១១ ហើយថា នៅក្នុងសៀវភៅសិក្សារបស់វៀតណាម ចេញផ្សាយ កាលពីឆ្នាំ១៩៧៤ ក៏បានទទួលស្គាល់ផងដែរថា ប្រជុំកោះនេះ គឺជារបស់ចិន៕
0 comments:
Post a Comment